ភ្នំពេញ៖ ដើម្បីពង្រឹង និងពង្រីកការគ្រប់គ្រង ធនធានធម្មជាតិនៅក្នុងតំបន់ ក្រសួងបរិស្ថាន គ្រោងសង់ស្នាក់ការសំខាន់ៗ មួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់” ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងមរិស្ថាន ។
កាលពីរសៀលថ្ងៃទី៧ ឧសភា ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសមស្រប សម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ។
ក្នុងចុះត្រួតពិនិត្យនេះដែរលោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើង នៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាព ឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។
សូមរំលឹកថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា ៕




