ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារដាស់តឿន ដល់ប្រជាពលរដ្ឋ ថាទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃ ការព្យាបាលអ្នកជំងឺនេះ បានជាសះស្បើយនៅសល់តែ ២នាក់ទៀតក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេ នៅកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅ មិនងាយឆ្លង គឺមិនដូច្នេះទេ។
សម្ដេចតេជោ បានសររសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែឧសភា នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩» ។
សម្ដេចបញ្ជាក់ថា «ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាល ថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅ មិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវ ហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំង ណាស់» ។
សម្ដេចបន្តថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានគួសបញ្ជាក់ថា ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។
សម្ដេចក៏បានណែនាំ ឲ្យប្រជាពលរដ្ឋ រាយការណ៍មកក្រសួងសុខាភិបាល ជាបន្ទាន់ក្នុងករណីមានការសង្ស័យណាមួយតាមរយៈលេខ ១១៥ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ៨ ឧសភា នេះកម្ពុជាព្យាបាល អ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន ១២០នាក់ក្នុងចំណោម១២២នាក់ គឺនៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ៕