សម្ដេច ស ខេង៖ កូវីដ១៩ មិនទាន់ធ្វើឲ្យកម្ពុជា ឈានដល់ដំណាក់កាល ដោះលែងអ្នកទោស ដូចប្រទេសមួយចំនួនឡើយ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើឡើងថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ១៩ កម្ពុជា មិនទាន់ឈានដល់ដំណាក់កាល ដោះលែងអ្នកទោសដូច បណ្ដាប្រទេសមួយចំនួន នៅឡើយទេ នេះបើយោងតាមហ្វេសប៊ុក សម្ដេច ខេង

សម្ដេច ខេង លើកឡើងបែបនេះ បន្ទាប់ពីបណ្ដាប្រទេសមួយចំនួន បានសម្រេចដោះលែងអ្នកទោស ដោយសារតែការរីករាលដាល ជាសលនៃជំងឺកូវីដ១៩

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ អន្តរក្រសួងស្ដីពី ការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ នាព្រឹកថ្ងៃទី៨ឧសភានេះ សម្ដេចក្រឡាហោម ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតបតាមសំណើពីលោក កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែន ក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេចក្រឡាហោមបញ្ជាក់ថា «ក្នុងស្ថានភាពនៃការ ប្រឈមមុខនឹងវិបត្តិកូវីដ១៩ ថ្វីដ្បិតថា មានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ ដំណាក់កាលនេះនៅឡើយទេ»

យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង និងភាពចង្អៀតណែន ក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយ របស់ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀន បានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗ ដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបាន អនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ