ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា (Kantha Bopha Foundation Dr Beat Richner) ប្រចាំនៅ ប្រទេសស្វីស បានទទួលមរណភាពក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ កាលពី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២០ នៅ ប្រទេសស្វី ស ។ នេះ បើតាមផ្សាយរបស់គេហទំព័រ មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា (beat-richner.ch) ។

លោកវេជ្ជបណ្ឌិត Peter Studer ត្រូវបានចាត់ទុកជា វីរបុរស ម្នាក់ទៀត របស់កុមារកម្ពុជា ដោយលោកបានចូលរួម ក្នុងប្រតិបត្តិការសាងសង់ បណ្តា មន្ទីរពេទ្យ គន្ធបុប្ឆា ឡើងវិញនៅ កម្ពុជា ចាប់តាំងពី ឆ្នាំ ១៩៩២ មក ។ លោកបានបន្ត ដំណែងជា ប្រធានមន្ទីរពេទ្យគន្ធបុប្ឆា ចាប់តាំងពី ៣ ឆ្នាំមុន ពេលដែលវេជ្ជបណ្ឌិត Beat Richner ទទួលមរណភាពនៅ ឆ្នាំ ២០១៨ ។
« លោក វេជ្ជបណ្ឌិត Peter Studer នឹងឋិតនៅក្នុងក្រអៅបេះដូងយើងគ្រប់ៗគ្នា ជា រៀងរហូត » ។ នេះ ជា សាររំលែកទុក្ខ របស់ថ្នាក់ដឹកនាំ នៃ មន្ទីរពេទ្យគន្ធបុប្ឆា និងមូលនិធិគន្ធបុប្ឆា Dr.med.Beat Richner ដែលផ្ញើ ទៅកាន់ លោកស្រី Genevieve F.Cattin-Studer និងក្រុមគ្រួសារ ។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត Denis Laurent ត្រូវបានតែងតាំងជា អគ្គនាយកមូលនិធិគន្ធបុប្ផានិងគ្រប់គ្រងប្រតិបត្តិការ មន្ទីរពេទ្យទាំង ៥ នៅ ភ្នំពេញ និងសៀមរាប ជាមួយថ្នាក់ដឹកនាំផ្សេងទៀតរួមមានវេជ្ជបណ្ឌិត Ky Santy និង Yay Chantara ៕


