អតីតយោធា២នាក់ ត្រូវតុលាការ សម្រេចដាក់គុក១៦ឆ្នាំ ពាក់ព័ន្ធសំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់

0

ភ្នំពេញ៖ អតីតយោធា ២នាក់ ត្រូវបានតុលាការយោធា ប្រកាសសាលក្រមលើ សំណុំរឿងព្រហ្មទណ្ឌ លេខ ០០៨ ចុះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយសម្រេចដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ១៦ឆ្នាំ ពីបទបង្កើតកងកម្លាំងប្រដាប់អាវុធ ដោយខុសច្បាប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ ។

នៅក្នុងសវនាការ ប្រកាសសាលក្រមនោះ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចទី១, ផ្តន្ទាទោស ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុសអាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានៈឧត្តម សេនីយ៍ ទោ នាយករង ទីចាត់ការ បច្ចេកទេស អគ្គបញ្ជាការដ្ឋាន ដាក់ពន្ធនាគារ ចំនួន១៦ឆ្នាំ។ ទី២,ផ្តន្ទាទោស ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អនុសេនីយ៍ឯក ជំនួយការ សេនាធិការវរសេនា តូចលេខ៣ កងពលតូច អន្តរាគមន៍លេខ១ ដាក់ពន្ធនាគារចំនួន១៦ ឆ្នាំ ។ ពួកគេរងការចោទប្រកាន់ ពីបទបង្កើតដោយខុសច្បាប់ នូវកងកម្លាំងប្រដាប់អាវុធ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ ខែមិថុនា ឆ្នាំ២០១៨ តាមមាត្រា៤៦៣ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១០គិតពីថ្ងៃចាប់ខ្លួន ២៥ឧសភា ២០១៩ ។

លោកឧត្តមសេនីយ៍ ទោ ម៉ែន ហុង ព្រះរាជអាជ្ញារងតុលាការយោធា បានថ្លែងប្រាប់អ្នកកាសែត ឲ្យដឹងថា «ទណ្ឌិតទាំងពីររូប ខាងលើ នេះ បើ យោងទៅតាមច្បាប់ពួកគាត់ អាចជាប់ទោសពី ១៥ ទៅ ៣០ ឆ្នាំ ប៉ុន្តែ ដោយមានករណីលើកឡើង ដោយសារតែ ពួកគាត់មាន អាយុច្រើន ហើយមានជំងឺជាប់នឹងខ្លួនផងនោះ ទើបសម្រេចផ្ដន្ទាទោសពួកគាត់ ដាក់ពន្ធធនាគារ ត្រឹមតែ ម្នាក់ៗ ១៦ ឆ្នាំប៉ុណ្ណោះ ។»

លោកឧត្តមសេនីយ៍បន្តថា តាមពិតពួកគាត់មាន ភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែ ដោយពួកគាត់ មានវ័យចំណាស់ហើយ ថែមទាំងមានជំងឺទៀត ដូច្នេះ យើងសម្រេចផ្តន្ទាទោស ពួកគាត់ប៉ុណ្ណឹងឆ្នាំ(១៦ឆ្នាំ) គឺស ទៅនឹងអាយុរបស់ពួកគាត់ ហើយអយ្យការក៏មិនបានជំទាស់ នឹងសេចក្តីសម្រេចនេះ ផងដែរ ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ម៉ែន ហុង បានឲ្យដឹងទៀតថា ដើមបណ្តឹងទាំងអស់គឺមានចំនួន ៧ រូប ប៉ុន្តែ ដោយសារពួកគេ ទាំងនោះ ត្រូវបានចាញ់បោកជនជាប់ចោទ ទាំងពីររូប ខាងលើ ត្រូវបានតុលាការសម្រេច មិនយកទោស ពៃ ចំពោះ ពួកគេ ហើយបានអនុញ្ញាតឲ្យពួកគេ មាន សេរីភាពធម្មតា វិញ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ក៏បានធ្វើ ការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ កុំចាញ់បោក តាមការឃោសនា ឬជនដែលពាក់ផ្កាយ ២ឬផ្កាយ ៣ ថា នាំចូលក្នុងក្របខណ្ឌទាហាន តាមរយៈ ផ្តល់លុយដល់គេ ឲ្យសោះ ប្រសិនបើ ស្រលាញ់អាជីពជា យោធា គប្បីនាំគ្នាទៅ ប្រឡងស្របទៅតាមការប្រកាសរបស់ ក្រសួងការពារជាតិ ដែលតែងតែ ធ្វើ ឡើងជា រៀងរាល់ឆ្នាំ ។

សូមបញ្ជាក់ថា បើតាមតុលាការយោធា ពួកគេទាំងពីរនាក់ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់ នូវកងកម្លាំងប្រដាប់អាវុធ ដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរ ស្របច្បាប់ ប្រព្រឹត្តនៅ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានី ភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៤៦៣នៃ ក្រមព្រហ្មទណ្ឌ ។ មាត្រា ៤៦៣ នៃ ក្រមព្រហ្មទណ្ឌ បានចែងថា បទបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អា វុ ធ អំពើ បង្កើត កម្លាំងប្រដាប់អាវុធ ដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ ៕