មេនគរបាលអន្តោប្រវេសន៍ ណែនាំឲ្យមន្រ្តីនៅតាមច្រកទ្វារព្រំដែន ទាំងអស់ពង្រឹងលើការ ចេញ-ចូលខុសច្បាប់

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់ មន្រ្តីនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែនទាំងអស់ បន្តកិច្ចសហការ ជាមួយនគរបាលព្រំដែន ដើម្បីពង្រឹងលើការ ចេញ-ចូលខុសច្បាប់ របស់ប្រជាពលរដ្ឋ នៅតាមព្រំដែន។នេះបើយោងតាម អគ្គនាយកអន្តោប្រវេសន៍។

បន្ទាប់ពីទទួលស្ដាប់ របាយការណ៍ប្រចាំខែ និងបញ្ហាប្រឈម តាមនាយកដ្ឋាននីមួយៗ នៅក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ប្រចាំខែមេសានិងទិសដៅ ខែឧសភា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ឯកភាពលើខ្លឹមសាររបាយការណ៍ ព្រមទាំងបានណែនាំ ដល់គ្រប់នាយកដ្ឋានទាំងអស់ អនុវត្តទៅតាមទិសដៅការងារ ដែលបានដាក់បញ្ចូលក្នុងរបាយការណ៍ ។

ជាមួយគ្នានោះផងដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានណែនាំ ដល់នគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែនទាំងអស់ បន្តកិច្ចសហការជាមួយនគរបាលព្រំដែន និងសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីពង្រឹង លើការចេញ-ចូលខុសច្បាប់ របស់ប្រជាពលរដ្ឋ នៅតាមព្រំដែន។

ក្នុងនោះដែរលោក បានឲ្យស្នងការរងនគរបាល តាមបណ្ដារាជធានី-ខេត្ត ដែលទទួលផែនអន្តោប្រវេសន៍ បន្តពង្រឹងការងារមូលដ្ឋាន របស់មន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងការចុះស្រង់ស្ថិតិ និងគ្រប់គ្រងការចេញ-ចូល របស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ឆ្លៀងក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ បានកោតសរសើរ លើការងារជំនាញ ដែលមន្ត្រីនគរបាលអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមកនេះ និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាល អន្តោប្រវេសន៍ទាំងអស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចូលរួមចំណែក ក្នុងកិច្ចការងារសង្គម ដោយបានបរិច្ចាគថវិកា ដែលជាប្រាក់ខែ របស់ខ្លួនផ្ទាល់ ក្នុងរួមចំណែកការពារទប់ស្កាត់ ជំងឺកូវីដ-១៩ ផងដែរ៕