អស្ចារ្យមែន! តើមានអ្វីទៀត ដែលបន្សល់ទុកជា កេរដំណែលពីដូនតា នៅក្នុងប្រាសាទកណ្ដាលស្រះស្រង់

0

ភ្នំពេញ៖ វាជាអាថ៍កំបាំងដ៏អស្ចារ្យ ក្នុងការកសាងប្រាង្គប្រាសាទនីមួយៗដែលដូនតា បានបន្សល់ទុកអោយកូនខ្មែរនូវ វត្ថុឬចម្លាក់ស័ក្ដសិទ្ធជាច្រើន ដែលបានកប់ជ្រៅនៅក្នុងដីនិងព្រៃព្រឹក្សាអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយនោះ ។ក្រៅពីការស្រាវជ្រាវនិងការរកឃើញ របស់អាជ្ញាធរជាតិអប្សរា តើនៅមានមានវត្ថុឬចម្លាក់ស័ក្ដសិទ្ធ អ្វីផ្សេងទៀតដែលមិនទាន់រកឃើញ?

យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថានាពេលថ្មីៗនេះក្នុងប្រតិបត្តិការ ជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ដោយឡែកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ ក៏បានប្រទះឃើញ ចម្លាក់ថ្មសត្វអណ្តើកដ៏ធំមួយបន្ថែមទៀត នៅក្នុងកំណាយស្រាវជ្រាវនេះ។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើន ដែលស្ថិតនៅរាយប៉ាយ លើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទ ដែលគេពុំធ្លាប់បានប្រទះឃើញ នៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១ នៅមានរូបរាងពេញលេញ និង១ទៀត នៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់ បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូង នៃការធ្វើកំណាយស្រាវជ្រាវ។
លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះ នៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់ វត្ថុបុរាណវិញ លោក គឹម សុធិន បានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក ៕