ម្ចាស់ក្លិបកាំភ្លើងធំ លោក Stan Kroenke ត្រូវបានគេមើលឃើញថា បានកើនប្រាក់ចំណូល រហូតដល់ទៅ 323 លានផោន ចំពេលមានវិបត្តិកូវីដ១៩ ខណៈដែលបុគ្គលិក និងកីឡាករ បានកាត់ប្រាក់ពលកម្មចំនួន 12.5% ។
ម្ចាស់ក្លិបកាំភ្លើងធំ ត្រូវបានគេរាយការណ៍ថា បានកើនប្រាក់ចំណូលក្នុងកុងធនាគារ ជាង ៣០០លានផោន ចាប់តាំងពីដើមឆ្នាំ ២០២០ ទោះបីជាកូវីដ១៩ បានវាយប្រហារហិរញ្ញវត្ថុ ទូទាំងពិភពលោកក៏ដោយនោះ ។
ម្ចាស់ក្លិបខាងលើត្រូវបានគេជឿជាក់ថា បានពុះពារក្រោមទម្ងន់នៃវិបត្តិ ជាមួយកីឡាករ និងបុគ្គលិក ដែលបានកាត់ប្រាក់ខែដូចបង្ហាញខាងលើ ។ទោះយ៉ាងណា ការសិក្សាមួយ បានចេញផ្សាយកាលពីខែមុន ឲ្យដឹងថា ជនជាតិអាម៉េរិកកាំងរូបនេះ បានស្ថិតនៅឆ្ងាយពីភាពលំបាក លំបិន ជាមួយក្លិប ។
ការសិក្សានោះ បានដាក់ចំណងជើងថា Blillionaire Bonanza បានបង្ហាញថា Stan Kroenke គឺមានទ្រពសម្បត្តិ 8.1 ពាន់លានផោន ដែលក្នុងនោះ បានកើនទ្រពចំនួន 323 លានផោន តាំងពីដើមឆ្នាំនេះ ។លើសពីនេះទៀត ភរិយារបស់គាត់ Ann Walton Kroenke ដែលជាអ្នកជំនួញ ឃើញថាកើនចំណូល ៩៧លានផោនផងដែរ ។
បញ្ជាក់ផងដែរថា កីឡាករ ២៤នាក់ ក្នុងចំណោម ២៧នាក់ ដែលស្ថិតក្រោមការដឹកនាំរបស់ Mikel Arteta បានយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ពួកគេ ប៉ុន្តែកីឡាករ Mesut Ozil និង កីឡាករពីរនាក់ទៀត បានស្នើសុំឲ្យមានភាពច្បាស់លាស់ បន្ថែមទៀត អំពីការបរិច្ចាគរបស់ម្ចាស់ក្លិប ដើម្បីឲ្យកាំភ្លើងធំ ឆ្លងកាត់ផុតពីជំងឺរាតត្បាត ផ្នែកផ្លូវដង្ហើមនេះ៕