ភ្នំពេញ៖ បន្ទាប់ពីបុត្រច្បងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងផ្នួស (បួស) មុខ ភ្លើងតំណាងឲ្យក្រុមគ្រួសារ ដើម្បីជាការតបស្នងសងគុណ និងឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី ពេលព្រះភិក្ខុ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើត នាខេត្តត្បូងឃ្មុំ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ឧសភានេះថា «ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើតក្នុងរយៈពេល នៃការបួសមុខភ្លើងជូនជីដូនបន្ទាប់ពី ទទួលមរណកាលទៅ» ។
សូមរំលឹកថា កាលពីថ្ងៃទី៥ ឧសភា លោក ហ៊ុន ម៉ាណែត បានសាងផ្នួស (បួស) មុខភ្លើងតំណាងឲ្យក្រុមគ្រួសារ ដើម្បីជាការតបស្នងសងគុណ និងឧទ្ទិសកុសលផលបុណ្យ ជូន វិញ្ញាណក្ខន្ធ លោកយាយ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។ ពិធីសាសនាកោរសក់ បួសមុខភ្លើងជូនភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្រោមព្រះវត្តមាន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មេគុណរាជធានីភ្នំពេញ នៅមុខព្រះវិហាវត្តបុទុមវតី ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី និងជាម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង ២:១២នាទី ទៀបភ្លឺ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ៕





