៦ថ្ងៃ នៃការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី សមត្ថកិច្ចឃាត់យានយន្តជាង ៥ពាន់គ្រឿង នៅភ្នំពេញ

0

ភ្នំពេញ៖ រយៈពេល៦ថ្ងៃ នៃយុទ្ធនាការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គ្មានមនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ មានតែអ្នកទទួលរងរបួសប៉ុណ្ណោះ ខណៈសមត្ថកិច្ចឃាត់យានយន្ត ល្មើសច្បាប់បានចំនួន ៥.២៨១គ្រឿង ។

មុននឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា ក្នុង ១ថ្ងៃ គិតជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមនុស្សស្លាប់ម្នាក់ ។ ក្នុងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍ ៦ថ្ងៃនេះ ចំនួន បទល្មើសគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថយចុះផងដែរ ។

លទ្ធផលកិច្ចប្រតិបត្តិការ នៃយុទ្ធនាការចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់យាន យន្តល្មើសច្បាប់សរុប ៥,២៨១គ្រឿង ក្នុងនោះម៉ូតូ ៤,៤៩០គ្រឿង, រថយន្តតូចធំ ៧៩១គ្រឿង ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងពេលវេលានៃយុទ្ធនាការ រឹតបន្តឹងច្បាប់ចររាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញនោះផងទៀត មនុស្សប្រុសស្រី ៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ ក៏ត្រូវបានឃាត់ខ្លួន និងអប់រំឱ្យដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់កម្មភាព ហើយឱ្យត្រឡប់ទៅផ្ទះវិញ។

សូមរំលឹកថា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ មានអ្នកស្លាប់ចំនួន ៣៣៨នាក់ អ្នករងរបួសធ្ងន់និងស្រាល ១,៧៣២នាក់ មូលហេតុដោយការបើកបរ បំពានច្បាប់ចរាចរណ៍ផ្លូវគោក ។ ការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោករយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ ដំណើរការទៅបានរលូន អនុវត្តដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានអំពើហិង្សាដែលបង្កការរាំង ស្ទះដល់ការអនុវត្តច្បាប់នោះឡើយ ៕