ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាង៧០ នៅស្រុកចំនួនពីរ ក្នុងខេត្តសៀមរាប ត្រូវបានរងការខូចខាត ដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់ ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឪ្យដឹងថា នៅរសៀល វេលាម៉ោង ៣:៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះបងប្អូន ប្រជាពលរដ្ឋនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដួលផ្ទះចំនួន ៤ខ្នង និងរបើកដំបូលផ្ទះចំនួន ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស ម្នាក់ ដើមឈើដួលរលំសង្កត់ មនុស្សរបួសស្រាល ២នាក់ រន្ទះបាញ់គោស្លាប់ចំនួន ៤ក្បាល។
ដោយឡែក នៅល្ងាចវេលាម៉ោង ១៨:១៧នាទី ថ្ងៃដដែល នៅស្រុកបាគង ឃុំត្រពាំងធំ ក៏មានខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងបណ្តាលឲ្យរបើក ដំបូលផ្ទះចំនួន ១០ខ្នង រលំផ្ទះ ១ខ្នង និងរបួសមនុស្ស ១នាក់៕





