ភ្នំពេញ៖ ជនជាតិចិន ៣នាក់ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណីប្លន់លុយជាង១១ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពីជនជាតិចិនដូចគ្នា។
យោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅចំណុចផ្លូវ ព្រលានយន្ដហោះ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន៖ ទី១៖ ឈ្មោះ Shan Shiquan, ទី២៖ឈ្មោះ Wei Bingwen និងទី៣៖ឈ្មោះ Zeng Merng។
ជនសង្ស័យបានសារភាពថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានបា្រក់ចំនួន១១ម៉ឺនដុល្លារ និងទូរស័ព្ទ០៥គ្រឿង ប្រាកដមែន។
ក្រោយធ្វើសកម្មភាពប្លន់ បានសម្រេចរួចហើយ ពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AW-4483 ទៅប្លុងចោលនៅខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៉ីទៅខេត្ដបន្ទាយមានជ័យ ក្នុងគោលបំណងទៅប្រទេសថៃ តែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូល ហើយពួកគេស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ទើបត្រឡប់ទៅខេត្តព្រះសីហនុវិញ។
លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ពួកគេបានធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយបន្ដដំណើរទៅខេត្តសៀមរាប ដើម្បីទៅយករថយន្ដ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី ៕