ភ្នំពេញ៖ បុរសសង្ហាម្នាក់ ឈ្មោះ ហែម ផល្លា ប្រើប្រាស់គណនីហ្វេសបុក ឈ្មោះ YVON HEM Phalla បានចូលខ្លួនមកបំភ្លឺជុំវិញការ ផុសព័ត៌មានជេរប្រមាថ មើលងាយយ៉ាងខ្លាំង មកលើសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយស របស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសរូបនេះគឺជាមនុស្សទី៣ហើយ ដែលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ហៅមកបំភ្លឺ ចាប់ពីថ្ងៃចាប់ផ្តើម អនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក។
បុរសរូបនេះ បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅ របស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយតាមការសាកសួរ គាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូ សុំទោស ជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោស ដល់សមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។
ជាមួយគ្នានេះផងដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានផ្ដាំថានឹងបន្តអនុវត្តតាមច្បាប់ ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មាន ដែលមានលក្ខណ:មើលងាយ និងជេរ ប្រមាថមកលើច្បាប់ និងសមត្ថកិច្ច ។ បើក្នងករណីមិនរៀងចាល សមត្ថកិច្ចនិងរៀបចំសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕