កុំចេះតែហ៊ាន! ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ជួញដូរអាវុធខុសច្បាប់ 

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណី បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នៅ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ ជួញដូរអាវុធខុសច្បាប់។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ មានការសហការពី នាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការ សម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពី លោកស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាល ផែនការងារសន្តិសុខ ខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ ដែលបានដឹកនៃកម្លាំងផ្ទាល់ កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្ត បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យ ចូលខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលបានធ្វើសកម្មភាព បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នៅ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ជួញដូរអាវុធខុសច្បាប់ នៅក្នុងខេត្តសៀមរាប ។

ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន ហើយកន្លងមក បានលក់ចេញនូវអាវុធពិតចំនួន ២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែក ជ័រ បានជាច្រើនដើម ទៅតាមបណ្ដាខេត្ត និងរាជធានី ហើយពេលឆែកឆេ ផ្ទះបានរកឃើញកាំភ្លើងប្រភេទហ្គាសចំនួន ៣ដើម និងគ្រាប់ពិតចំនួន ១០០គ្រាប់ គ្រាប់ដែក ៤ប្រអប់ គ្រាប់ជ័រ ដបហ្គាសមួយចំនួនទៀត ។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុង កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ៕