សំណល់សង្គ្រាម! ស្លាប់ម្នាក់ និងរបួស ៣នាក់ ដោយសារផ្ទុះគ្រាប់កាំភ្លើង B40 

0

ភ្នំពេញ៖ ដោយសារសំណល់សង្គ្រាម បានធ្វើឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ និងមនុស្ស ៣នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់-ស្រាល ដោយសារការផ្ទុះគ្រាប់កាំភ្លើង ប្រភេទB40 នៅភូមិថ្មី ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរជ្រៅ ភូមិថ្មី ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង វេលាម៉ោង ៩និង២០នាទី មានករណីផ្ទុះគ្រាប់កាំភ្លើងប្រភេទ B40 មួយករណីដែល ក្នុងនោះបានបណ្តាលឲ្យ ស្លាប់មនុស្សម្នាក់  និងរងរបួសធ្ងន់ ស្រាលចំនួន ៣នាក់។

តាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹង ថានៅព្រឹកកើតហេតុមាន ប្រជាពលរដ្ឋមួយក្រុមដែល មានលំនៅដ្ឋានស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ធ្វើដំណើរចូលក្នុង ព្រៃចំណុច ភូមិសាស្រ្តខាងលើ ដើម្បីរកដកផ្សិតប៉ក់ ទៅលក់ចិញ្ចឹមជីវិត ។ ក្នុងពេល វេលាដូចខាងលើ បុរសម្នាក់ឈ្មោះ លុច លីណេ ភេទប្រុស អាយុ ១៥ឆ្នាំ  ប្រទះឃើញគ្រាប់ កាំភ្លើងប្រភេទ B40 មួយគ្រាប់ ដែលជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាម  ហើយគាត់បានយកគ្រាប់នេះទៅដំលែង នៅលើគល់ឈើនៅក្បែរនោះ ពេលកំពុងដំក៏បណ្តាលឲ្យ គ្រាប់នេះ ផ្ទុះឡើងយ៉ាងកក្រើក  ហើយបណ្តាលឲ្យ ស្លាប់បុរសអ្នកដំគ្រាប់នោះភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកនៅក្បែរនោះចំនួន​ ៣នាក់ ផ្សេងទៀតរងរបួសក្នុងនោះមាន៖

១-ឈ្មោះ ស្រីពេជ្រ ភេទ ស្រី អាយុ ១៦ ឆ្នាំ(របួស ធ្ងន់លើផ្ទៃមុខ)។

២-ឈ្មោះ ពិន ដាវុធ ភេទប្រុសអាយុ ២៥ឆ្នាំ (របួស ធ្ងន់ដាច់ដៃស្តាំត្រឹម កែងដៃ)

៣-ឈ្មោះ នី ប៊ុនណាត ភេទ ប្រុសអាយុ ១៤ ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះ បន្តិច)។

ជនរងគ្រោះត្រូវបាននាំ យកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ឯក អ៊ុក សារិន មេបញ្ជាការវរ សេនាតូចនគរបាលការពារព្រំដែនគោក លេខ ៣១០ បានឲ្យដឹងថា  ទីកន្លែងដែលមានករណីផ្ទុះ គ្រាប់ខាងលើនេះស្ថិត នៅចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលព្រំដែនពាមតា ចំណុះ វរសេនាតូចលេខ៣១០

លោកបន្តថា ជាទូទៅក្នុងភូមិសាស្រ្តនេះ មានប្រជាពលរដ្ឋលោកចេញចូល ប្រកបរបរចិញ្ចឹមជីវិតដោយការបេះផ្លែឈើព្រៃ ឬដកផ្សិតជាដើម។

ដោយសារភូមិសាស្រ្តនេះ អតីតជាសមរភូមិប្រយុទ្ធ ពីសម័យសង្រ្គាមសំណល់ ជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមាន នៅ រាយប៉ាយច្រើនទាំងនៅលើដី  និងបង្កប់ក្នុងជម្រៅដី ហើយយូរៗម្តងករណី គ្រោះថ្នាក់ ដោយយុទ្ធភ័ណ្ឌនេះពិតជាបានកើតឡើង និងបង្កឲ្យមាន មហន្តរាយដល់ អាយុជិវិតមនុស្សឬពិការភាពផងដែរ ៕