ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារថ្លែងអំណរគុណ ថ្វាយសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុចំពោះព្រះរាជកាយវិការសណ្តោស ប្រណីនិងការស្រឡាញ់រាប់អានរបស់ សម្តេចម៉ែចំពោះក្រុមគ្រួសាររបស់សម្ដេច ។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នេះថា «ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ ម្តាយក្មេកខ្ញុំ នៅភូមិគ្រិះក្បែរវិមាន ឯករាជ្យ។
នេះជាព្រះរាជកាយវិការសណ្តោស ប្រណីនិងការស្រឡាញ់រាប់អានរបស់ សម្តេចម៉ែចំពោះក្រុមគ្រួសារទូលព្រះ បង្គំពិសេសជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ ទួលព្រះបង្គំជាខ្ញុំ» ។
សម្ដចតេជោបន្តថា ជំនួសមុខឲ្យម្តាយក្មេកដែលបានចែក ឋានទៅហើយនិងក្រុមគ្រួសារសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ថ្វាយហ្លួងម៉ែ ជាទីសក្ការះដ៏ខ្ពងខ្ពស់បំផុត ។
សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកទៅបញ្ចុះនៅឯកស្រុកកំណើត ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា៕