ផ្លូវជាតិលេខ១១ ពីព្រៃវែង ទៅត្បូងឃ្មុំ សាងសង់សម្រេចបានជាង ៩១% ចំណាយអស់ជិត ១០០លានដុល្លារ

0

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ មេសា ផ្លូវជាតិលេខ១១ ប្រវែង ៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូ AC សម្រេចការសាងសង់បានចំនួន ៩១,១៤% ដែលចំណាយថវិកាអស់ចំនួន ៩៨.៣៨៨.០០០ដុល្លារអាមេរិក ។

យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ឧសភា បានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណត់ផ្លូវនេះជាកំណត់ ផ្លូវសេដ្ឋ កិច្ចសំខាន់មួយ ដែល ចាំបាច់ត្រូវ ពង្រីក ដើម្បី សម្រួលដល់ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះសម្រេចបាន ៩១,១៤ភាគរយហើយ៕