ក្រសួងសុខាភភិបាល៖ ចរាចរវីរុសកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងភ្លើងស្តុប ព៌ណលឿងនៅឡើយ

0

ភ្នំពេញ៖ ទោះបីប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ពុំមានរកឃើញករណីអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពតាមបទបញ្ជា និងការណែនាំនានា របស់ក្រសួង ដើម្បីចៀសផុតការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩  នៅកម្ពុជា ដោយក្រសួងបានលើកឡើងថា “ចរាចរវីរុសកូវីដ-១៩ នៅកម្ពុជាស្ថិតក្នុងភ្លើងស្តុបព៌ណលឿង នៅឡើយទេ”។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងតាមរយៈបណ្ដាញ ទំនាក់ទំនង តេលេក្រាម នៅថ្ងៃទី១  ខែឧសភា ឆ្នាំ២០២០នេះថា «ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លើងស្តុបព័ណក្រហម នៅឡើយទេ។ កម្ពុជា ស្ថិតនៅស្ថានភាពភ្លើងស្តុបព៌ណលឿងនៅឡើយទេ ប្រសិនបើមិនគោរពភ្លើងព័ណលឿងនេះទេ ហើយនៅតែសម្រុក បើកទៅមុខទៀតនោះ  លោកអ្នកអាចមានគ្រោះថ្នាក់ ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់ សុខភាពដោយសារវីរុសកូវីដ-១៩ នេះហើយណា» ។  

ជាមួយគ្នានោះផងដែរ លោកស្រី ក៏បានជំរុញឲ្យ មានការចូលរួមគោរពបទបញ្ជា  និងការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុត ការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ សរុបចំនួន១១៩នាក់ ខណៈអ្នកជំងឺ៣នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាមបណ្ដារាជធានី-ខេត្ត ៕