លោក ស៊ុន ចាន់ថុល ស្នើឲ្យអាមេរិក ជួយគាំទ្រដល់ វិស័យសាធារណការ នៅកម្ពុជា

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យសហរដ្ឋអាមេរិក ជួយគាំទ្រ ដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការកសាងសមត្ថភាព ដល់មន្ត្រីជំនាញ នៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវ វគ្គបណ្តុះបណ្តាល ឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង ឡូសអេនជឺឡេស (Los Angeles) ជាដើម។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងសាធារណការ ។

ការស្នើរនេះធ្វើឡើងនៅក្នុង ពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះដែរលោក Patrick Murphy បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងបានជម្រាបសួរអំពីស្ថានភាព ទូទៅនៅកម្ពុជាក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

ជាការឆ្លើយតបទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ ដោយរលូននៃការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនជាមួយ ប្រទេសជិតខាង ទោះបីជាមានការអនុវត្ត នូវវិធានការចត្តាឡីស័ក ដែលដាក់ឱ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេស ដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន តាមផ្លូវគោក ជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឱ្យមានការផ្លាស់ប្តូរអ្នកបើកបរ រថយន្តដឹកទំនិញនៅតំបន់ស។

ទន្ទឹមគ្នានោះស៊ុន ចាន់ថុល ក៏បានស្នើឲ្យអាមេរិកពិចារណាក្នុងការជួយគាំទ្រ ដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាព ដល់មន្ត្រីជំនាញ នៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវ វគ្គបណ្តុះបណ្តាល ឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង ឡូសអេនជឺឡេស (Los Angeles) ជាដើម។

ចំពោះសំណើនេះ ត្រូវបានលោកទូត ធ្វើការកត់សម្គាល់ និងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យទាំងនេះ ៕