អគ្គស្នងការរងនគរបាលជាតិ ព្រមានចាត់ការមន្រ្តីនគរបាលចរាចរណ៍ ដែលអនុវត្តច្បាប់ខុសវិជ្ជាជីវៈ

0

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងព្រមានដាក់ពិន័យ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះមន្ត្រីនគរបាលចរាចរណ៍ណា ដែលហ៊ានអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ។

សូមរំលឹកថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការផាកពិន័យ ធ្ងន់ទៅលើអ្នកដំណើរដែលមិនគោរពច្បាប់ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ ដែលចាប់ផ្តើមថ្ងៃទី១ ឧសភា» នៅថ្ងៃទី៣០ មេសា នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា «បញ្ហានគរបាលខុសឆ្គងនេះ ជាបុគ្គលកន្លងទៅគឺអាចមានជាបុគ្គល ហើយក៏ត្រូវបានវិនិច្ឆ័យ ទៅតាមវិន័យ តាមច្បាប់របស់កងកម្លាំងនគរបាល មានការទទួលខុសត្រូវ បណ្តេញចេញពីជួរអីជាដើម ។ល។ ច្បាប់ចរាចរណ៍ក៏មានចែងច្បាស់ ប្រសិនបើនគរបាលចរាចរណ៍ ណាប្រព្រឹត្តខុសឆ្គង ក្នុងការបំពេញភារកិច្ច គឺត្រូវទទួលទោសតាមច្បាប់ជាធរមាន»។

លោកនាយឧត្តមសេនីយ៍ បន្តថា មុនពេលអនុវត្តវិធានការនេះ អគ្គស្នងការនគរបាលជាតិ ក៏បានហៅស្នងការនគរបាល រាជធានី-ខេត្តទាំងអស់ មកប្រជុំពិភាក្សាគ្នា ដើម្បីយកវិធានការនេះ ទៅអនុវត្តឱ្យមានតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព ជាពិសេសមិនត្រូវមាន ភាពអសកម្មណាមួយចំពោះតួនាទី របស់ខ្លួនក្នុងនាមជាសមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រសិនបើមានមន្ត្រីណាមួយអសកម្ម ឬអនុវត្តខុសតាមបទបញ្ជា ឬច្បាប់ នឹងត្រូវទទួលទោស តាមផ្លូវច្បាប់ជាធរមានផងដែរ។

ទន្ទឹមគ្នានោះដែរឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងដែរថា អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាណែនាំ ដល់ស្នងការទាំងអស់ ឲ្យណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស ឲ្យបំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ ហាមដាច់ខាតធ្វើសកម្មភាពអសកម្ម ប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បន្ថែមថា «នឹងជូនរង្វាន់លើកទឹកចិត្តឲ្យមន្រ្តី ដែលអនុវត្តច្បាប់បានល្អ ប៉ុន្តែ ក៏ត្រូវដាក់ពិន័យកងកម្លាំង ដែលប្រព្រឹត្តអំពើខុសឆ្គង ដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ហើយបើធ្ងន់ធ្ងរ គឺយើងអនុវត្តច្បាប់ចំពោះមន្រ្តីនោះតែម្តង»។

លោកឧត្តមសេនីយ៍ឯកអះអាងថា ការត្រួតពិនិត្យនេះ គឺធ្វើឡើងតាមបច្ចេកទេស មិនមែនត្រួតពិនិត្យឆ្វេកឆ្វាច ដាក់ប៉ារ៉ាស់ឃាត់ឆែកគ្រប់ម៉ូតូ និងគ្រប់រថយន្តនោះទេ ។

សូមបញ្ជាក់ផងដែរថា កម្លាំងនគរបាលចំនួន ៣.៩១៩នាក់ បានត្រៀមរួចជាស្រេច ដើម្បីអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោគនៅតាមគលដៅទូទាំងប្រទេស ចំនួន ៥៦៨កន្លែង នាថ្ងៃទី១ ឧសភានេះ ។