ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាថ្មីម្ដងទៀត បានផ្ញើសារ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះ បើមិនមានការចាំបាច់ និងចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ទោះបីកម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ។
សម្ដេចពិជ័យសេនាបានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះថា «បើទោះជា យើងគ្មានករណីចម្លងថ្មី អស់រយៈពេលជាច្រើនថ្ងៃ មិនធ្លាប់មានករណីបាត់បង់ជីវិត និងមានអត្រាជាសះស្បើយច្រើនយ៉ាងណាក្តី ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ។ »
សម្ដេចគួសបញ្ជាក់ថា «ជាក់ស្តែង អត្រាចម្លងថ្មី និងមរណៈភាព មិនទាន់ថមថយនោះទេ នៅតាមបណ្តាប្រទេសនានា ក៏ដូចជាប្រទេស ដែលនៅក្បែរខាងកម្ពុជាផងដែរ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ជាពិសេស អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ។»
សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ សរុបចំនួន ១១៩នាក់ ខណៈអ្នកជំងឺ ៣នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យ តាមបណ្ដារាជធានី-ខេត្ត ៕