កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ចំពោះករណីមានជំងឺកូវីដ១៩ រាតត្បាតតាមសហគមន៍

0

ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន អាចគ្រប់គ្រងបានក៏ពិតមែន ប៉ុន្តែត្រូវបន្ដបង្កើនការតាមដាន យកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសកម្ពុជាបានត្រៀមខ្លួន រួចជាសម្រេច ដើម្បីទប់ស្កាត់ចំពោះការរាតត្បាត នៅតាមសហគមន៍ ដែលនឹងអាចកើតមាន ឡើងជាយថាហេតុ ។

សូមរំលឹកថា មិនថាតែកម្ពុជានោះទេ គឺពិភពលោកទាំងមូល កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការរីករាលដាលជាសកល នៃជំងកូវីដ១៩ ដែលរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានប្រទេសណាមួយ រកឃើញវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺនេះនៅឡើយទេ ។

ត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាអំពីការងារឆ្លើយតប ការរាតត្បាត នៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ កូវីដ១៩

ក្នុងកិច្ចប្រជុំពិភាក្សា ពីការងារឆ្លើយតបការរាតត្បាត នៃជមងឺកូវីដ១៩ នៅថ្ងៃទី៣០ មេសានេះ លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អ្នកវិទ្យាសាស្ដ្រ កំពុងតាមដាន លើការវិវត្តន៍នៃវីរុសកូរ៉ូណាថ្មីនេះ ជាពិសេសកំពុងពន្លឿនការស្រាវជ្រាវ រកវ៉ាក់សាំងចាក់ការពារ និងថ្នាំព្យាបាល ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថាន ភាពអាចគ្រប់គ្រងបាន តែយើងត្រូវបន្ដបង្កើនការតាមដាន យកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបម្រុងរួចជាសម្រេច ចំពោះការរាតត្បាតនៅតាម សហគមន៍ ដែលនឹងអាចកើតមាន ឡើងជាយថាហេតុ» ។

ក្នុងឱកាសនោះដែរ អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា លោកស្រី Pauline Tamesis បានថ្លែងថា បើទោះបីជាពុំទាន់រកឃើញ សញ្ញាច្បាស់លាស់ អំពីការឆ្លងក្នុងសហគមន៍ តែស្ថានភាពនេះ អាចប្រែប្រួលយ៉ាងឆាប់រហ័ស ដូច្នេះត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែង ។

លោកស្រីបញ្ជាក់ថា ទោះបីកម្ពុជា ពុំទាន់មានករណីផ្ទុះឡើងនូវកូវីដ១៩ ទ្រង់ទ្រាយធំក៏ដោយ ក៏កម្ពុជាបានរងផលប៉ះពាល់ មកលើសេដ្ឋកិច្ចជាតិមួយផ្នែក រួចមកហើយផងដែរ ៕