ភ្នំពេញ៖ ក្នុងឱកាសអបអរសទរ ខួប២១ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេស របស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបាន តាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញដង្គម ហ្វេសប៊ុក នៅថ្ងៃទី៣០ មេសានេះថា ចាប់តាំងពីបានក្លាយជា សមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម ។
សម្ដេចតេជោបញ្ជាក់ថា «ជាការពិត អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេស របស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបាន តាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ» ។
សម្ដេចបន្ថែមថា ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យ ក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ាន ជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ ៕