ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានណែនាំឲ្យកងទ័ពគ្រប់អង្គភាពទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស និងមើលស្រាលស្ថានការណ៍ នៃជំងឺឆ្លងកូវីដ-១៩ ជាដាច់ខាត ។
យោងតាមសេចក្ដីណែនាំ ស្ដីពីការបង្ការ ការពារ និងទប់ស្កាតការរីករាលដាល នៃជំងឹកូវីដ១៩ នៅថ្ងៃទី៣០ មេសានេះ បានឲ្យដឹងថា យោងតាមស្ថានភាព នៃការរីករាលដាល និងករណីស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់ នៅតែបន្តកើនឡើងគួរ ឲ្យព្រួយបារម្ភ ទោះបីជាស្ថានភាពនៃការ រាតត្បាតជំងឺឆ្លងកូវីដ១៩ នៅកម្ពុជាមានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយ ស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មីនាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា «អនុវត្តតាមការអំពាវនាវនាពេលថ្មីៗ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមធ្វើការ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ ធ្វេសប្រហែស និងមិនត្រូវមើលស្រាល ស្ថានការណ៍នៃជំងឺឆ្លងកូវីដ១៩ នេះឡើយ» ៕