រដ្ឋមន្រ្តីមហាផ្ទៃ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិនមែនជាវិធានការ ត្រួតពិនិត្យរដ្ឋបាលនោះទេ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញមុខបកស្រាយថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិនមែនជាវិធានការត្រួតពិនិត្យរដ្ឋបាល និងចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាព ជូនពលរដ្ឋតែប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹង ភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមាន អ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។

សម្ដេចគូសបញ្ជាក់ថា ព្រោះតែហេតុយ៉ាងដូច្នេះ ហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្ត ច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែន ជាការដាក់បន្ទុកលើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្ដេចបន្ថែមថា នៅពេលប្រកាសដាក់ចេញវិធានការនេះ បែរជាមានទស្សនៈមួយចំនួន បានលើកឡើងថា វិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថា ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំនិងអ្នកអនុវត្តច្បាប់ចង់ បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋ ទៅវិញទេ។

សម្ដេចបញ្ជាក់ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូន ជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយ ការគោរពច្បាប់ ដើម្បីសួរនាំរក ឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបាន ដោយរលូន លើកលែងតែបានធ្វើដំណើរ ដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះ ធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់ អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះ ទើបថា ជាវិធានការរដ្ឋបាល ។»

សូមរំលឹកថា ច្បាប់ថ្មីដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទិ១ ឧសភា ខាងមុខនេះ គឺគ្រាន់តែអត់ពាក់មួកសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវ ពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល ។និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក ១០ម៉ឺនរៀល៕