ពលករខ្មែរ ៣នាក់ ក្នុងចំណោម ១៧នាក់ ត្រូវអាជ្ញាធរថៃ បញ្ជូនទៅតុលាការ ព្រោះតែរឿង…

0

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា មានពលករខ្មែរ ៣នាក់ ក្នុងចំណោម ១៧នាក់ ត្រូវបានអាជ្ញាធរថៃ រៀបចំនីតីវីធីបញ្ជូនទៅតុលាការ ដោយសារពួកគេបំពានបម្រាម ដែលថៃបានដាក់ចេញ ដើម្បីទប់ស្កាតជំងឺកូវីដ១៩ ហើយជាពិសេសមិនព្រមបង់ តាមការផាកពិន័យ ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ ពលករខ្មែរចំនួន ១៧នាក់ ត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួន ក្រោយពួកគេបំពានបម្រាមហាមឃាត់ មិនឲ្យមានការជួបជុំគ្នា ក្នុងពេលដែលរដ្ឋាភិបាលថៃ កំពុងការពារ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩ ។

លោក កុយ គួង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រ នៅថ្ងៃទី២៩ មេសានេះថា «ខ្ញុំសូមបញ្ជាក់ផងដែរ កន្លងមក ដែលគេប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ គេហាមមានការជួបជុំគ្នាច្រើន ហើយកន្លងមកនេះពលរដ្ឋយើង ១៧នាក់ ត្រូវបានឃាត់ខ្លួន ដោយសារគាត់ជួបជុំ ទទួលទានគ្រឿងស្រវឹង ហើយក្នុងច្បាប់ថៃកាលណា បំពានច្បាប់គេត្រូវតែបង់ពិន័យ ហើយពិន័យតាមខ្ញុំដឹង ៤ម៉ឺនបាត ដូច្នេះក្នុងចំណោម ១៧នាក់នេះ ១៤នាក់ បានបង់រួច ហើយត្រូវបានដោះលែង ឲ្យមកកន្លែងស្នាក់នៅវិញ រីឯ ៣នាក់ទៀត នៅតែមិនព្រមបង់ ដូច្នេះគេរៀបចំនីតិវិធីទៅតុលាការ» ។

លោកបន្ថែមថា ស្ថានទូតកម្ពុជា កំពុងតែតាមដានរឿងនេះ ។ លោកយល់ថា បើទោះបីជាតុលាការថៃ សម្រេចយ៉ាងណា ក៏ប្រហែលមិនហួសពី ៤ម៉ឺនបាត (ស្មើនឹងជាង ១២០០ដុល្លារ) នេះដែរ ៕