ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យមន្ត្រីនគរបាល ដែលចុះអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែអនុវត្តឲ្យបានស្មើភាពគ្នា មិនថាប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យតែខុសច្បាប់ គឺត្រូវអនុវត្តដូចៗគ្នា ។ នេះបើយោងតាមហ្វេសប៊ុក ឧត្ដមសេនីយ៍ឯក ស ថេត ។
សូមរំលឹកថា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ កម្លាំងនគរបាលចំនួន ៣.៩១៩នាក់ នឹងចេញអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោគ នៅតាមគលដៅទូទាំងប្រទេសចំនួន ៥៦៨កន្លែង ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ មេសានេះ ឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់មតិណែនាំមួយចំនួន ដល់មន្ត្រីដែលត្រូវចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ឧសភា ដូចខាងក្រោម៖
១.ត្រូវរៀបចំខ្លួនឲ្យបានស្អាត ស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច ។
២.ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយា និងប្រើប្រាស់សំដីឲ្យបានសមរម្យ ជាពិសេសគ្រប់ពេលត្រួតពិនិត្យ ត្រូវធ្វើការគោរពជានិច្ច ។
៣.ត្រូវពាក់អាវពន្លឺ ពាក់ភ្លើងបំភ្លឺនៅលើស្មា និងពិល ។ ល ។
៤.ត្រូវពាក់ម៉ាស់ ស្រោមដៃ និងលាងដៃជាមួយ ទឹកអាល់កុលជាប្រចាំ ។
៥.តាមគោលដៅអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ នឹងមានក្រុមគ្រូពេទ្យការិយាល័យ សុខាភិបាលនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ និងតាមដានជាប្រចាំរបស់ សុខភាពមន្ត្រីដែលចុះអនុវត្តច្បាប់នេះ ។
លោកស្នងការ បញ្ជាក់យ៉ាងច្បាស់ថា «ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ត្រូវតែអនុវត្តឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យតែខុសច្បាប់ត្រូវអនុវត្តដូចៗគ្នា» ។
លោកស្នងការ បានសង្កត់ធ្ងន់ថា ដោយក្នុងឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យរងរបួស ស្លាប់ មានការកើនឡើងខ្ពស់គួរឲ្យបារម្មណ៍ ។ ម្យ៉ាងវិញទៀតដោយ ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចតែងតែមាន ការយោគយល់ច្រើន ដោយតែងតែធ្វើការណែនាំ អប់រំ ប៉ុន្តែដោយកំណើនគ្រោះថ្នាក់ នៅឆ្នាំ២០១៩ ដូច្នេះហើយក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយការរងរបួស ការស្លាប់ និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ។
លោកស្នងការគូសបញ្ជាក់ថា គោលបំណងសំខាន់ ក្នុងការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍នេះ គឺដើម្បី ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាត់បន្ថយការស្លាប់ ការរងរបួស ពិការ ….។ល៕