ភ្នំពេញ៖ ស្របពេលដែលការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្ដើមដំណើរការ នៅទូទាំងប្រទេសពីថ្ងៃទី១ ឧសភា ខាងមុខនេះតទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
សម្ដេចេជោ នាយករដ្ឋមន្រ្តី បានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរ ពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ អោយបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្ត នៅលើដងផ្លូវសាធារណៈ។
សម្ដចបន្តថា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាព អាយុជីវិតបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់ អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ កើតមាននៅក្នុងក្រុមគ្រួសារ របស់បងប្អូនណាម្នាក់ឡើយ។
សម្ដេចបញ្ជាក់បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅ មកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស» ។
សូមរំលឹកថា ច្បាប់ថ្មីដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១ ឧសភា ខាងមុខនេះ គឺគ្រាន់តែអត់ពាក់មួកសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវ ពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល ។ និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក១០ម៉ឺនរៀល ៕