ភ្នំពេញ៖ នៅសប្តាហ៍នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នេះបេីយោងតាមការចេញផ្សាយរបស់ គេហទំព័រស្ថានទូតអាមេរិក។
តាំងពីពេលចាប់ផ្តើមនៃ ការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា «ការជួយដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែង របស់យើងលើផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយ ប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។
លោកទូតបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រាយនូវជំងឺឆ្លងផ្សេងៗ និងលើកកម្ពស់សមិទ្ធផលសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក។
នៅក្នុងប្រទេសកម្ពុជា ស្ថានទូតអាមេរិក ផ្តល់ជំនួយផ្នែកសុខាភិបាលតាមរយៈ ក្រុមអន្តរទីភ្នាក់ងារ ដែលរួមមានទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID) មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (USCDC) វិទ្យាស្ថានជាតិសុខភាព (NIH) អង្គភាពស្រាវជ្រាវសុខាភិបាលនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2) ក្រសួងការបរទេសអាមេរិក និងអង្គការដទៃទៀត។ ជំនួយអាមេរិកលើផ្នែកសុខាភិបាលក្នុងប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង លើកកម្ពស់សុខភាពមាតានិងទារក ហើយពង្រឹងប្រព័ន្ធសុខាភិបាលជារួម។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយទ្វេភាគី ក្នុងវិស័យសុខភាពសាធារណៈ ធំជាងគេនៅក្នុងពិភពលោក។ ជំងឺឆ្លង គំរាមកំហែងនៅកន្លែងណាមួយហើយ អាចគំរាមកំហែងដល់ គ្រប់កន្លែងទាំងអស់។ សហរដ្ឋអាមេរិកសូមអំពាវនាវ ដល់ម្ចាស់ជំនួយទាំងអស់ ឲ្យចូលរួម និងរួមចំណែកដល់ការខិតខំជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕