ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ១១៥លើក មាន ៣៣៩នាក់ ស្រី២៧នាក់ មាន ៣៤សញ្ជាតិ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាថ្ងៃទី២៨ មេសានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់របាយការណ៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។
«ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ១១៥លើក មាន ៣៣៩នាក់ ស្រី២៧នាក់ មាន ៣៤សញ្ជាតិ (២៥បទល្មើស) និងសូមបញ្ជាក់ផងដែរថា នាយកដ្ឋានមានកន្លែង ត្រៀមបណ្តេញចេញចំនួន ៣កន្លែង ( មណ្ឌលភ្នំពេញ, មណ្ឌលសៀមរាប និងមណ្ឌលព្រះសីហនុ)» ។
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យប្រធានការិយាល័យ រៀបរាប់ពីការងារប្រចាំថ្ងៃ របស់ខ្លួន និងបានណែនាំឲ្យការិយាល័យនីមួយៗពង្រឹងតួនាទីភារកិច្ច របស់ខ្លួនឲ្យបានល្អ ហើយរៀបចំធ្វើរបាយការណ៍ មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍ ។ លោកនាយឧត្តមសេនីយ៍ ក៏បានឲ្យប្រធាននាយកដ្ឋាន មានការប្រជុំមួយសប្តាហ៍ម្តង ជាមួយអនុប្រធាន នាយ-នាយរងការិយាល័យមួយសប្តាហ៍ម្តងផងដែរ។
លោកនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ឲ្យប្រុងប្រយ័ត្ន ហើយទប់ស្កាត់និងបង្ការជម្ងឺ កូវីដ-១៩ផងដែរ ៕