ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចាត់ទុកសកម្មភាព របស់ទាហាន វៀតណាម ដែលបានចូលមកបោះតង់ នៅក្នុងតំបន់ស ថាជាជនជាតិឆ្លៀតឱកាស ខណៈកម្ពុជាកំពុងតែ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
មេបក្សរូបនេះ បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា ទាហានវៀតណាម បោះតង់ចំនួន៩កន្លែង ចូលក្នុងតំបន់ស នៃបន្ទាត់ព្រំដែនដំបូកចែវ កម្ពុជា វៀតណាម នៅខេត្តកណ្ដាល ។ តែត្រូវស្នងការខេត្តដឹកនាំកម្លាំង ចុះទៅអោយរើតង់នោះចេញ !
លោកគួសបញ្ជាក់ថា «ពិតជាជនជាតិឆ្លៀតឱកាស ចំពេលគេកំពុងតែ ប្រយុទ្ធប្រឆាំងជំងឺ» ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកងកម្លាំង ប៉ុស្ដិ៍ដំបូកចែវ ចុះពិនិត្យតាម បន្ទាត់ព្រំដែន ដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមាន ការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។
ក្រោយពីការចុះពិនិត្យជាក់ស្ដែង លោកស្នងការ ក៏បានបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់សភ្លាមៗ បន្ទាប់ពីបានរកឃើញថា ខាងភាគីវៀតណាម បានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ដើម្បីជាការទប់ស្កាត់កូវីដ-១៩ ។
បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឲ្យលោកមេបញ្ជាការ លេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែន ដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របី មកចងនៅតំបន់សនោះ ។
សុំបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវ មានគោលដៅ២ប៉ុស្ដិ៍ បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ៕