ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា រដ្ឋាភិបាលចិន ប្ដេជ្ញានឹងបន្តជួយ គាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ មេសានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១៥:៣០ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាប់ផ្តើមជាមួយ នឹងការកោតសរសើរជោគជ័យ ដែលប្រទេសចិនសំរេចបាន ក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកំលាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជម្ងឺ។
លោកឧបនាយករដ្ឋមន្ត្រី បានសរសើរ និងអរគុណចិនដែលបានបោះដៃជួយ ដល់ប្រទេសជាច្រើននៅលើលោក តាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអរគុណចិន ដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រ នៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ ដល់កងកំលាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលី។
ក្នុងឱកាសនោះដែរលោក វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែង របស់ប្រទេសចិនទាំងមូល ក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការ ក្នុងការរក្សាការប្រុងប្រយ័ត្នតទៅទៀត។ លោករដ្ឋមន្ត្រី បានលើកឡើងអំពីស្មារតី ជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្រ របស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ច ការងារនៅទីក្រុងប៉េកាំង នៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។
លោក វ៉ាង យី បានអរគុណកម្ពុជាដែល បានប្រឆាំងនឹងការធ្វើ នយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុស ក្នុងពេលដែលយើងត្រូវរួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងរួម ចំពោះមនុស្សជាតិ។ លោកក៏បានចាត់ទុក ការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែង របស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។
ស្តីពីទំនាក់ទំនងទ្វេភាគីវិញ លោក វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀង ទាំងឡាយដើម្បីជ្រោងទំនាក់ទំនង ទ្វេភាគីរបស់យើងទៅកាន់កំរិត កាន់តែខ្ពស់ថែមទៀត។ លោកបន្ថែមថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការ ក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិ COVID-19 ដោយផ្តោតការយកចិត្តទុក ដាក់លើវិស័យសំខាន់ៗ ដែលបានព្រមព្រៀងគ្នាកន្លងមក។
លោក វ៉ាង យី បានបញ្ជាក់ជាថ្មីថា «ចិននឹងបន្តជួយគាំទ្រ កម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត» ។
តបនឹងគំនិតផ្តួចផ្តើមរបស់ លោក វ៉ាង យី ក្នុងការជំរុញការពិភាក្សាផ្លាស់ប្តូរ យោបល់រវាងថ្នាក់ដឹកនាំនានាតាមរយៈ Video Conference ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគាំទ្រគំនិតនេះ ហើយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ គឺជាការបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញារបស់មេដឹកនាំរបស់យើង ក្នុងការផ្គុំកំលាំងគ្នា ស្វែងរកចម្លើយរួមប្រឆាំង COVID-19 ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានសំដែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់ចិន ដែលអំពាវនាវឱ្យមានការ ឯកភាពគ្នាក្នុងការប្រឆាំង COVID-19 (“Covid-19: A Call for Unity”) ដោយអះអាងថា ពេលនេះគឺជាពេលវេលា ដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគាំទ្រការប្រកាន់អភិក្រម បែបវិទ្យាសាស្រ្តដើម្បីប្រយុទ្ធប្រឆាំង COVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ។
ចុងបញ្ចប់ លោក វ៉ាង យី បានពាំនាំការសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាពីសំណាក់លោកផ្ទាល់ ផ្តល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងរង់ចាំស្វាគមន៍សម្តេច ទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 នេះចប់ ៕