ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើរទៅកាន់បងប្អូនកម្មករ កម្មការនី និងពលករនៅក្រៅប្រទេស ត្រូវខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យបានគង់ ក្នុងអំឡុងពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការបាត់បង់ការងារ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
លោក ហេង សួរ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះថា សូមបងប្អូនពលករនៅកូរ៉េ និងប្រទេសផ្សេងទៀត អត់ធ្មត់កុំអាលមកលេងខ្មែរ! បើមកក៏ត្រូវបានដាក់ដោយឡែក 14 ថ្ងៃដែរ!។
លោកបន្តថា ពេលត្រឡប់ទៅវិញ គឺអាជ្ញាធរប្រទេសគេឃាត់ 14ថ្ងៃទៀត ហើយអាចគេលុបទិដ្ឋាការយើងចោលទៀត!។
លោលរដ្ឋលេខាធិការ បន្តថា អត់ធ្មត់សិនទៅបងប្អូន! ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះសូមប្រយ័ត្នប្រយ៉ែង! ។
លោកគួសបញ្ជាក់ថា «ខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យគង់! ក្នុងដំណាក់កាលនេះនិយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ ដូច្នេះសូមបងប្អូនកុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ! អនាគតយើងវានៅលើការសម្រេចចិត្តរបស់យើង! បើសម្រេចចិត្តខុស សូមកុំបន្ទោសគេ!»៕