រោងចក្រចំនួន១០ ក្នុងចំណោមជាង ១៣០ ត្រូវបានអនុញ្ញាតឲ្យ ព្យួរការងារ

0

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា គិតមកដល់ពេលនេះ រោងចក្រចំនួន១០ ក្នុងចំណោមរោងចក្រចំនួន១៣០ ដែលបានដាក់ពាក្យសុំព្យួរកាងារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការព្យួរការងារ ហើយនៅក្រោយបុណ្យចូលឆ្នាំ កន្លងទៅនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី បច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចូលឆ្នាំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោក ហេង សួរ បានមានប្រសាសន៍ថា «តាមរយៈនៃការធ្លាក់ចុះនៃតម្រូវការ នៃទីផ្សារនៃការនាំចេញ បានធ្វើឲ្យរោចក្រផ្នែកកាត់ដេរ និងស្បែងជើង ចំនួនជាង១៣០ បានដាក់ពាក្យស្នើសុំព្យួរ ដែលបណ្ដាលឲ្យបងប្អូនកម្មករ និយោជិក ជិត១០ម៊ឺននាក់ នឹងត្រូវរងផលប៉ះពាល់ អំពីការព្យួរនេះ។»

អ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា ភាគច្រើននៃរោងចក្រទាំងនោះ គឺចង់បិទតែម្ដង ប៉ុន្តែតាមរយៈការពិភាក្សាគ្នា ដើម្បីរកផលចំណេញ ទោះបីត្រូវខាត តែមិនត្រូវអោយខាតទាំងស្រុង ធ្វើយ៉ាងណាអោយមាន ផលចំណេញខ្លះ នៅលើដៃបងប្អូនកម្មករនិយោជិក គឺរាជរដ្ឋាភិបាល បានលើកទឹកចិត្ត អោយរោងចក្រទាំងអស់នោះ មកត្រឹមជាការព្យួរវិញ ។

លោកបានអះអាងថា ប៉ុន្តែដោយមានការសម្របសម្រួល ពីរាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធ និងសម្រួលដល់ការចូលរួមបង់វិភាគទាន ប ស ស ទើបបណ្ដារោងចក្រទាំងនោះនៅបន្តដំណើរការមកដល់សព្វថ្ងៃនេះ។

លោក ហេង សួរ បានបញ្ជាក់ថា «មកដល់ពេលនេះមានរោងចក្រចំនួន១០ ដែលបានអនុញ្ញាតឲ្យមានការព្យួរ នៅក្រោយចូលឆ្នាំនេះ ហើយបងប្អូនកម្មករប្រហែលជាជិត៦ពាន់នាក់ នឹងត្រូវរងផលប៉ះពាល់ពីការព្យួរនេះ»។

ពាក់ព័ន្ធជាមួយនឹងការការនាំចេញ លោក ហេង សួរ បានឲ្យដឹងថាមកដល់ពេលនេះ ដោយទីផ្សារអឺរ៉ុប ដែលជាទីផ្សារធំមួយ កំពុងជួបប្រទះនឹងជំងឺកូវីដ-១៩ ដូច្នេះចាប់ពីខែមេសានេះ មិនទាន់មានការបញ្ជាទិញនៅឡើយទេ។

លោកគួសបញ្ជាក់ថា «មកដល់ពេលនេះយើងទទួលស្គាល់ថា ការនាំចេញរបស់យើងពិតជា ពិតជាមានផលប៉ះពាល់ ជាពិសេសនៅក្នុងត្រីមាសទី២នេះ តែម្ដង ដែលអាចឈានដល់៥០ទៅ៦០% បើធៀបទៅនឹងឆ្នាំមុន»។

អ្នកនាំពាក្យ ក៏បានអះអាងផងដែរថា នៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ នេះ មិនថាឡើយនៅកម្ពុជានោះទេ ឱកាសនៃការបង្កើតការងារថ្មី គឺមានអត្រាតិចមែនទែន។