ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យ អ្នកទោស និងពលករខ្មែរជាង ២០០នាក់ នៅម៉ាឡេស៊ី វិលត្រឡប់មកកម្ពុជាវិញ ប្រសិនបើធ្វើតេត្តរកមិនឃើញ មេរោគកូវីដ១៩ ប៉ុន្តែក្នុងករណីរកឃើញមានមេរោគកូវីដ១៩ គឺត្រូវព្យាបាលឲ្យជាសះស្បើយសិន ទើបអនុញ្ញាតឲ្យត្រឡប់មកកម្ពុជាវិញ ។
ការសម្រេចឲ្យពលករខ្មែរជាង ២០០នាក់ វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកបណ្ដោះអាសន្ន ក្នុងពេលដែប្រទេសកម្ពុជា កំពុងដាក់បម្រាមតឹងរឹង ក្នុងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មេសានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដារអរគុណចំពោះ កូនក្មួយនៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា ។
សម្ដេចបន្តថា មកទល់ថ្ងៃនេះ កម្ពុជា និងពិភពលោកកំពុងសកម្ម នាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់ រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ រាជរដ្ឋាភិបាលកម្ពុជា អរគុណកូនក្មួយពលករជាង ២០០ នាក់ ដែលក្នុងនោះក៏មាន កូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរ វិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសយើង កំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ប៉ុន្តែនៅពេលនេះបម្រាម ការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអោយកូនក្មួយពលករខ្មែរជាង ២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលា ឲ្យខាងអាជ្ញាធរម៉ាឡេស៊ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់» ។
សម្ដេចក៏បាន ប្រាប់ឲ្យកុំបារម្ភ ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញ បានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយទើប អនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ ។
សម្ដេចបន្ថែមថា ចំពោះកូនក្មួយដែល នឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត នៅតាមផ្ទះផងដែរ ៕