ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវប្រាំង កៅស៊ូ ព្រមទាំងដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម រដូវប្រាំង សម្រេចបានលទ្ធផលកួរជាទីមោទនៈ និងលើសការរំពឹងទុក ។
យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការងារបង្កបង្កើនផល ស្រូវរដូវប្រាំង នៅទូទាំងប្រទេសកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ សម្រេចបានចំនួន ៥៩៧.៥០៨ហិកតា ស្មើនឹង ១៣០% នៃផែនការ ចំនួន៤៥៩.៥៩៤ហិកតា ។
របាយការណ៍ របស់ក្រសួងបន្ដថា ការងារប្រមូលផលស្រូវប្រាំងសម្រេចបាន ៥៩២.១២៨ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២.៦១៦.២៥៣តោន ក្នុងនោះគិតជាមធ្យមទទួលបាន ៤,៤១៨តោនក្នុងមួយហិកតា ។ ដោយឡែកចំពោះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម រដូវប្រាំងអនុវត្តបានចំនួន ៣៧.៦២៦ហិកតា ស្មើនឹង ១១៦,១២% នៃផែនការចំនួន ៣២.៤០៣ហិកតា លើឆ្នាំមុនចំនួន ២.៣៦៨ហិកតា ។
ចំពោះការបង្កបង្កើតផល ដំណាំកៅស៊ូវិញ សម្រេចបានលើផ្ទៃដីចំនួន ៤០៥.៤៨៥ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០.៧៥០ហិកតា ស្មើនឹង ៦២% និងផ្ទៃដីថែទាំមានចំនួន ១៥៤.៧៣៥ហិកតា ស្មើនឹង ៣៨% ។ ការប្រមូលផលជ័រកៅស៊ូសម្រេចបាន ៥៣.២៧២តោន កើន ៥.០៨៩តោន ស្មើនឹង១០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩ ៕