ក្ដៅៗ! ស្នងការខេត្តកណ្ដាល បញ្ជាឲ្យទាហានវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់ស

0

ភ្នំពេញ៖ ក្រោយទទួលបានដំណឹងថា មានទាហានវៀតណាម បោះតង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅក្នុងតំបន់ស ចំនួន៩កន្លែង ភ្លាមៗលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅដល់កន្លែងទីតាំង ហើយក៏បានបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់សភ្លាមៗតែម្តង ។

យោងតាមស្នងការ ដ្ឋានខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកងកម្លាំង ប៉ុស្ដិ៍ដំបូកចែវ ចុះពិនិត្យតាម បន្ទាត់ព្រំដែន ដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមាន ការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។

ក្រោយពីការចុះពិនិត្យជាក់ស្ដែង លោកស្នងការ ក៏បានបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់សភ្លាមៗ បន្ទាប់ពីបានរកឃើញថា ខាងភាគីវៀតណាម បានសាងសង់តង់ចំនួន ៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ដើម្បីជាការទប់ស្កាត់កូវីដ-១៩ ។

បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការក៏បានជម្រុញ ឲ្យលោកមេបញ្ជាការ លេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍ តាមបន្ទាត់ព្រំដែន ដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របី មកចងនៅតំបន់សនោះ ។

សូមបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវ មានគោលដៅ២ប៉ុស្ដិ៍ បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ៕