បាតុភូតធម្មជាតិ៖ ផ្ទះពលរដ្ឋជិត ១០០ខ្នង ត្រូវបានរងការខូចខាត នៅខេត្តចំនួន៤ 

0

ភ្នំពេញ៖ រយៈពេលពីរថ្ងៃជាប់គ្នា ផ្ទះនិងសាលារៀនចំនួន៩៥ខ្នង របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន៤ (កណ្ដាល កំពត ត្បូងឃ្មុំ និងព្រះវិហារ) ត្រូវបានរងការខូចខាត ដោយសារ ភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្រ្តាក់ ។

យោងតាម ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២៥ និង២៦ មេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ រងការខូចខាតដូចខាងក្រោម៖

– នៅថៃ្ងទី២៥ វេលាម៉ោង ៤:៣០នាទី ដល់វេលាម៉ោង ៥:០០នាទី មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម និងខ្យល់កន្ត្រាក់ នៅក្នុងស្រុកទឹកឈូ ទៅលើឃុំចំនួន ០៣គឺ ឃុំកំពង់គ្រែង ឃុំព្រៃឃ្មុំ និងត្រពាំងធំ ខេត្តកំពត បានបង្កឲ្យមានការប៉ើងដំបូល ផ្ទះចំនួន ៤៤ខ្នង និងរលំទាំងស្រុងចំនួន ០១ខ្នង សរុប ៤៥ខ្នង។

-នៅថៃ្ងទី២៥ វេលាម៉ោង ៩:០០នាទី មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងផ្ទះ និងរបេីកជញ្ជាំង របេីកតំបូលក្បឿង និងតំបូលស័ង្កសី សរុបចំនួន ១៦ខ្នង  ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះចំនួន ០១ខ្នង (រលំប៉ើង) នៅឃុំជ័យធំ ចំនួន  ០៤ខ្នង នៅឃុំព្រះប្រសប់ ចំនួន ១១ខ្នង នៅឃុំកោះចូរ៉ាម។ ចំណែកនៅចំណុចភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីខ្យល់គួចផ្ទះទាម ប្រភេទផ្ទះជញ្ជាំង និងតំបូលស័ង្កសី  ទំហំ ៤មx៦ម ប៉ើងផ្លោងចោលចង្ងាយ ២០ម៉ែត្រ។

-នៅថៃ្ងទី២៥ វេលាម៉ោង ៩:៤៥នាទី មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងរបេីកតំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង នៅចំណុចភូមិសាម្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

-នៅថៃ្ងទី២៥  មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឲ្យដួលរលំផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង មានទីតាំងនៅភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ។

-នៅថៃ្ងទី២៥ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង របើកចេញពីជើងតាងចំនួន ០៤ខ្នង បាក់សង្កត់ចំនួន ០១ខ្នង និងរបើកដំបូលសាលារៀនអស់មួយចំនួនផងដែរ ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

– នៅថៃ្ងទី២៦ ខែមេសា ឆ្នាំ២០២០ រសៀល វេលាម៉ោង ៣:០០នាទី ដល់វេលាម៉ោង ៤:០០នាទី មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម និងខ្យល់កន្ត្រាក់ នៅខេត្តកំពត ក្នុងស្រុកទឹកឈូ ទៅលើឃុំចំនួន ០៣គឺ ឃុំកំពង់គ្រែង ឃុំត្រពាំងធំ និងឃុំកំពង់សំរោង បានបង្កឲ្យមានការប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន ១២ខ្នង៕