សូមបង្កើនការប្រុងប្រយ័ត្ន! ជំងឺកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដងព្រោះជំងឺកូវីដ១៩មិនទាន់មានថ្នាំព្យាបាលនោះទេរហូតមកដល់ពេលនេះស្របពេលដែលអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែ មេសា នេះ ថា”សុខសប្បាយជាទេបងប្អូនជនរួមជាតិក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ”។

សម្ដេចតេជោបានសរសេរបន្ថែមថាក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណិមក្រុមមនុ្សច្រើន គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕