៤ថ្ងៃ កម្មករជាង៩០នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់២៣ ខែមេសា ឆ្នាំ២០២០នេះ មានកម្មករ កម្មារិនីចំនួន ៩៤នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រយៈពេល ៤ថ្ងៃនេះ មានបងប្អូនកម្មករ កម្មារិនីរោងចក្រមក ពិនិត្យសុខភាពចំនួន ២៨៥០នាក់ ក្នុងនោះដាក់ឲ្យដាច់ដោយឡែកនៅផ្ទះ ១៤ថ្ងៃ ចំនួន ២៧០៣នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលដាច់ដោយឡែកកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៥៨នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលដាច់ដោយឡែកកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន ៨៩នាក់ ហើយក្នុងចំណោមកម្មករជិត ៣ពាន់នាក់នេះ មាន ៩៤នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

ក្នុងគោលបំណងការពារសុខភាព បងប្អូកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាព បងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុង ពេលបុណ្យចូលឆ្នាំ ផងនោះ ក្រសួងការងារ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការ បណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០មណ្ឌល និងមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មករ រោងចក្រដែលបានឈប់សម្រាក អំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មេសានេះ សរុបទាំងអ្នកជាសះស្បើយ និងកំពុងសម្រាកព្យាបាលបន្តជំងឺកូវីដ១៩ មានចំនួន ១២២នាក់ ក្នុងចំណោមនេះ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ជាសះស្បើយចំនួន ១១០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ១២នាក់ ៕