ភ្នំពេញ៖ ស្របពេលដែលប្រទេសប្រមាណជាង ៧០ នៅលើពិភពលោក ក្នុងនោះរួមមានទាំងប្រទេស ដែលជាសមាជិកអាស៊ានផងដែរនោះ បាននិងកំពុងអនុវត្តន៍នូវច្បាប់ ស្ដីអំពី ការដាក់ប្រទេសក្នុងភាពអាសន្ន បែរជាកម្ពុជា ត្រូវបានរងការរិះគន់យ៉ាង អយុត្តិធម៌ ទាំងដែលច្បាប់នេះ មិនទាន់បានចូល ជាធរមានផង។
ថ្លែងក្នុងសន្និសីទកាសែតស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បច្ចុប្បន្នមានប្រទេសជាង៧០ហើយ ដែលប្រកាសដាក់ ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន។ ប៉ុន្តែចំពោះកម្ពុជា មានភាពតឹងតែង ជាងប្រទេសខ្លះ ក្នុងការប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន។
លោកបានគួសបញ្ជាក់ថា “វាជារឿងអយុត្តិធម៌ណាស់ សម្រាប់កម្ពុជា ដែលត្រូវបានអ្នកជំនាញអន្តរជាតិថា កម្ពុជាមិនគួរបង្កើតច្បាប់គ្រប់គ្រង ប្រទេសក្នុងភាពអាសន្ន ក្នុងពេលឥឡូវនេះទេ ។ ការចោទប្រកាន់នេះ ប្រហែលមកពីពួកគាត់ មិនទាន់បានយល់ ពីគោលបំណងរបស់កម្ពុជា និងមានការព្រួយបារម្ភ ជ្រុលហួសហេតុ ឬមិនទាន់យល់ច្បាស់ ពីច្បាប់ដែលបានបង្កើត ទើបធ្វើឱ្យពួកគាត់ចោទប្រកាន់បែបនេះ”។
លោកបានបន្តថា បើមានពេលវេលាលោក នឹងពន្យល់អ្នកទាំងនោះ ឱ្យបានក្បោះក្បាយ អំពីពីគោលបំណងដែលកម្ពុជា បង្កើតច្បាប់នេះឡើង។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់បន្ថែមថា មានចំណុចពីរសំខាន់ ដែលកម្ពុជា អាចប្រកាសដាក់ប្រទេសជាតិ ឲ្យស្ថិតក្នុងភាពអាសន្ន ដោយទីមួយ លុះត្រាប្រទេសជាតិ ប្រឈមុខនឹងគ្រោះថ្នាក់ ដោយស្ថានភាពធម្មតាដូចសព្វថ្ងៃ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអីទេ គឺមិនចាំបាច់ប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នទេ។ ទីពីរ ត្រូវមានឯកភាពពីឥស្សរជនបីរូប គឺ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ព្រឹទ្ធសភា ទើបអាចសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នបាន៕