ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីណែនាំ ៥ចំណុចសំខាន់ៗ ដើម្បីឲ្យអ្នកកាន់សាសនាឥស្លាមទាំងអស់ នៅក្នុងប្រទេសកម្ពុជា អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។
យោងតាមសេចក្ដីជូនដំណឹង របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ពិតមែនជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មានសភាពធុរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសមើលស្រាល លើជំងឺនេះឡើយ គឺយើងនៅតែរួមគ្នាប្រយុទ្ធ បន្តទប់ស្កាត់ថែមទៀត រហូតទទួលជោគជ័យទាំងស្រុង នៅពេលខាងមុខ ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងអំឡុងខែរ៉ាម៉ាឌន (ខែតមអាហារ) ឆ្នាំ២០២០នេះ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សូមណែនាំ ៥ចំណុច ដូចខាងក្រោម៖
ទី១៖ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
ទី២៖ ការស្រឡាតតារ៉វ៉េះ(ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ
ទី៣៖ ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រឃុតពះក៏បាន
ទី៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
ទី៥៖ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
ប្រសិនបើករណីមានការសង្ស័យ ត្រូវប្រញាប់ទាក់ទង ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ៕
