ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកមិនឲ្យអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើជលផលកម្ពុជា ធ្វើសកម្មភាពជាបណ្តោះអាសន្ន ក្នុងរយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃ២១ មេសានេះតទៅ ដោយហេតុថា អង្គការមួយនេះបានធ្វើសកម្មភាព ផ្ទុយនឹងប្រការ៨ នៃ លក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុក នៅក្រសួងមហាផ្ទៃ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា បានបំពេញតាមការកំណត់ ក្នុងបទប្បញ្ញាតិមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើឱ្យមានការយល់ច្រឡំ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។
ទន្ទឹមនឹងនេះអង្គការត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនី និង អាសយដ្ឋាននៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់របាយការណ៍សរុប សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៧-២០១៨ និង២០១៩ ជូនមក ក្រសួងមហាផ្ទៃរយៈពេលយូរបំផុត ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៕