ភ្នំពេញ៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃ អគ្គនាយករដ្ឋានក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ង់ត៍ ដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសស្ទើទាំងស្រុង ។
ក្នុងសន្នីសិទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ មេសានេះ លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ថា លទ្ធផលដែលក្រសួង សម្រេចបានគឺអនុញ្ញាត និងដាក់ដំណើរការនូវ រោងចក្រផលិតផលស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ចំនួនប្រមាណ ៨លានតោន ក្នុងមួយឆ្នាំ។
លោកបន្តថា សមត្ថភាពផលិតស៊ីម៉ង់ត៍ របស់រោងចក្រចំនួន៥ នៅកម្ពុជា អាចផ្គត់ផ្គងបានសឹងតែ ១០០% នូវតម្រូវការទាំងអស់នៅក្នុងប្រទេស ខុសពីកាលឆ្នាំ២០០៦ ឬ ២០០៧ គឺកម្ពុជាបានពឹងផ្អែកលើការ នាំចូលពីបរទេសទាំងស្រុង ៕