នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យពលរដ្ឋ រួមគ្នាទប់ស្កាត់ កុំឲ្យឆ្លងមេរោគកូវីដ១៩

0

ភ្នំពេញ៖ បើទោះបីស្ថានភាព បច្ចុប្បន្ននៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានការធូរស្រាលបន្តិក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែបន្តអំពាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងអនាម័យ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ កុំឲ្យឆ្លងមេរោគកូវីដ១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២១ មេសានេះថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាពដែលជាអាយុជីវិត ផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងកម្ចាត់ ជំងឺឆ្លងកូវីដ១៩។

សម្ដេចបានរំលឹកឲ្យ ពលរដ្ឋយកម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដាក់ជាប់តាមខ្លួនជានិច្ច រាល់ពេលធ្វើដំណើ ។

សម្ដេចបន្ថែមថា បងប្អូនត្រូវប្រើម៉ាសពាក់ ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាត ដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថា តើរបស់របរនិងសម្ភារៈទាំងនោះ ត្រូវបានប៉ះពាល់ដោយ អ្នកមានមេរោគឆ្លងកូវីដ១៩ ឬទេ ។

សម្ដេចបញ្ជាក់ថា «យើងការពារខ្លួនកុំនាំ យកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យ សុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២១ មេសានេះ កម្ពុជា បានព្យាបាលអ្នកជំងឹកូវីដ១៩ ជាសះស្បើយសរុបកើនដល់ ១១០នាក់ ខណៈអ្នកកំពុងបន្តសម្រាកព្យាបាល នៅសល់តែ ១២នាក់ ប៉ុណ្ណោះ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងសម្រាក់ព្យាបាល មានចំនួន ១២២នាក់) ៕