សូមប្រុងប្រយ័ត្ន! ការចម្លងរបស់វីរុសកូវីដ១៩ មិនប្រកាន់ថា អាកាសធាតុក្ដៅ ឬត្រជាក់នោះទេ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា វីរុសកូវីដ១៩ ដែលកំពុងរីករាលដាល នៅតាមបណ្ដាប្រទេសជាង២០០ នៅលើសកលោកបច្ចុប្បន្ន មិនប្រកាន់ថា អាកាសធាតុក្ដៅ ឬអាកាសធាតុត្រជាក់នោះទេ គ្រាន់តែអាកាសធាតុត្រជាក់អាច រីករាលដាល់លឿន ជាក្ដៅតែប៉ុណ្ណោះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកស្រី បានឲ្យដឹងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា នៅមានលក្ខណៈផុយស្រួយនៅឡើយ ដែលតម្រូវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ននិ ងការពារខ្លួនឲ្យបានល្អជានិច្ច។

លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋ មានការធ្វើប្រហែស ដោយមិនបានប្រុងប្រយ័ត្ននោះ ជំងឺកូវីដ១៩ នឹងអាចកើតមានឡើង ជាថ្មីលើកទី២ម្ដងទៀតផងដែរ។ លោកស្រីអ្នកនាំពាក្យ អះអាងថា ដោយសារកម្ពុជាមានវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ទើបកម្ពុជាមានអ្នកឆ្លងតិច។

លោកស្រីបន្តថា នៅតាមបណ្ដាប្រទេស នៅលើសកលលោក ជាពិសេស ប្រទេសដែលមានអាកាសធាតុក្ដៅ ដូចជាកម្ពុជា វៀតណាម ភូមា ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើមនោះគឺអត់មានជៀសផុត ពីវីរុសកូវីដ១៩បានឡើយ។

អ្នកនាំពាក្យរូបនេះ គួសបញ្ជាក់ថា “គ្រប់ប្រទេសទាំងអស់ គឺមានការវាយលុក ដោយវីរុសកូវីដ១៩។ ដូច្នេះវីរុសកូវីដ១៩នេះ មិនប្រកាន់ថា អាកាសធាតុ ក្ដៅឬអាកាសធាតុត្រជាក់នោះទេ។”

លោកស្រីបន្ថែមទៀថា “ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នៃអ្នកសិក្សាស្រាវជ្រាវ គេសង្កេតឃើញថា នៅក្នុងអាកាសធាតុដែលត្រជាក់ ការដែលវាយលុក របស់វីរុសហ្នឹងគឺខ្លាំងជាង នៅក្នុងអាកាសធាតុដែលក្ដៅ តែប៉ុណ្ណឹងទេ! ត្រង់ថាអាកាសធាតុក្ដៅ មិនមានវីរុសហ្នឹង វាយលុកនោះមិនមែនទេ!វីរុសហ្នឹង នៅតែវាយលុក ដូចគ្នាយើងសង្កេតឃើញហើយ ការកើនឡើងនៅតាមប្រទេស ហើយការស្លាប់ក៏មានដែរ នៅភូមាឥឡូវ ដូចមានស្លាប់ ៥នាក់ ហើយនៅបណ្ដាលប្រទេសមួយចំនួន ទៀតក៏មានស្លាប់ដែរ ឡាវដូចជាមានស្លាប់ដែរ តាមខ្ញុំមើល ដូច្នេះយើងកុំប្រហែស ថាដោយសារស្រុកយើងក្ដៅ យើងមិនមានការវាយលុកពីវីរុសកូវីដ១៩ មិនមែនទេ!បច្ចុប្បន្ននេះ ដោយសារការដែលយើងដាក់វិធានការ បានទាន់ពេលវេលា ជាពិសេសការគិតគូរដ៏ខ្ពស់បំផុត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា របស់យើងលោកបានដាក់ចេញ នូវបទបញ្ជាបានទាន់ពេលវេលា ហើយការគិតគូរខ្ពង់ខ្ពស់បំផុត ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តចារ្យម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកក៏បានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងលោកយកទៅអនុវត្តន៍ ហើយដែលយើងអាចរួមគ្នា ទប់ស្កាត់ នូវការរីករាលដាល ពីវីរុសកូវីដ១៩នេះ ពីបុគ្គលមួយទៅបុគ្គលមួយ ជាពិសេសការរីករាលដាលចូលទៅដល់ក្នុងសហគមន៍របស់យើង”។

ជាមួយគ្នានោះ ទាក់ទងជាមួយការចំណាយ ថវិកាវិញ ដើម្បីប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩វិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងបានចំណាយថវិកា ប្រមាណជា៤លានដុល្លារកន្លះ។

លោកស្រីបន្ថែមថា “ថវិកាមកដល់ថ្ងៃនេះគឺ យើងទទួលថវិកាជាតិ ដែលប្រភពថវិកា ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសរុបទាំងអស់៤លានកន្លះ ជាការប៉ាន់ស្មាន ជាក់ស្ដែងគោលការណ៍យើង សុំបាន ៦លានដុល្លារ ហើយយើងទទួលបាន ៤លានកន្លះ ហើយថវិកាទាំងអស់នោះ យើងប្រើប្រាស់សម្រាប់ ទិញសម្ភារៈបរិក្ខា ផ្គត់ផ្គង់ដើម្បី ទៅគ្រប់ខេត្តក្រុងទាំងអស់ ទាំង២៥ខេត្តក្រុង និងមន្ទីរពេទ្យ ខ្មែរសូវៀតនិងមន្ទីរពេទ្យចាក់អង្រែ”៕