គិតត្រឹមថ្ងៃ២០ មេសា ក្រសួងសុខាភិបាល ទទួលបានថវិកាជាង ៤លានដុល្លារ សម្រាប់ប្រយុទ្ធជាមួយកូវីដ១៩

0

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបានទទួលថវិកាជាតិជាង ៤លានដុល្លារ សម្រាប់ចាយវាយលើការ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក្នុងចំណោមគោលការណ៍ស្នើសុំ ៦លានដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ មេសានេះ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា « បើគិតត្រឹមថ្ងៃ២០ មេសា នេះយើងបានទទួលថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤លានដុល្លារកន្លះ ហើយជាក់ស្តែងយើងស្នើសុំ ពីរាជរដ្ឋាភិ បាលបាន៦ ដុល្លារអាមេរិក។ ថវិកានេះយើងប្រើប្រាស់ ដើម្បីទិញសម្ភារៈបរិក្ខាផ្គត់ផ្តង់ ដើម្បីជូនទៅមន្ទីពេទ្យខេត្តទាំង ២៥ខេត្តក្រុង និងមន្ទីពេទ្យខ្មែរ សូវៀត និងមន្ទីរពេទ្យចាក់អង្រែ»។

លោកស្រីរដ្ឋលេខាធិការ បន្ថែមថា ដោយឡែកថវិការបស់សប្បុរសជន ដែលចូលរួមជាវិភាគទាន តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះមានចំនួនសរុប ១៣លានដុល្លារ ហើយអាចប៉ាន់ស្មានបានថា ចំណាយទៅវិញ ៥លានដុល្លារ ដោយមិនបូកជាមួយនឹងការផ្ទេរ ទៅក្រសួងការងារ ១លានដុល្លារ សម្រាប់ធ្វើការផ្តត់ផ្គង់ ក្នុងការធ្វើតេស្ត និងព្យាបាលកម្មករ ដែលត្រឡប់ពីបុណ្យចូលឆ្នាំមកភ្នំពេញវិញ។

លោកស្រីគូសបបញ្ជាក់ថា សម្រាប់ថវិកា ៤លានដុល្លារ ក្រសួងបានចំណាយទិញម៉ាស់ ១១លានម៉ាស់ តាមផែនការរបស់សម្តេចតេជោ ។ ម៉ាស់ទាំងនេះបានទិញរួចរាល់ហើយ នៅឡើយតែដឹកជញ្ជូនចូលឃ្លាំង ២កន្លែង គឺនៅផ្លូវជាតិលេខ៣ និងនៅផ្លូវជាតិលេខ៦A ។ លោកស្រីថា សម្ភារៈដែលបានទិញទាំងនេះ ប្រើប្រាស់ថវិកាប្រហែលជាង ៤លានដុល្លារ ហើយតាមគម្រោង នឹងនាំចូលទីតាំងឃ្លាំងស្តុកទុក នៅចុងខែនេះ ៕