ភ្នំពេញ៖ ក្រោយពីបានចូលរួម នៅក្នុងកិច្ចប្រជុំពិសេស ស្តីពី បញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ជាមួយមេដឹកនាំអាស៊ាន តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាថា មិនមែនមានតែកម្ពុជាទេ ដែលបានលើកថ្ងៃ ឈប់សម្រាកថ្ងៃបុណ្យ នឹងការដាក់បម្រាមហាម មិនឲ្យពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ មេសានេះថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃទី១៤ មេសា នេះខ្ញុំត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី ៣៦ ស្តីពីជំងឺកូវីដ-១៩ នៅវិមានសន្តិភាពតាមរយៈការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference)ពីប្រទេសសមាជិកអាស៊ានទាំង១០ ។ ដោយសារស្ថានភាព នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដែលពេលនេះកំពុង គម្រាមកំហែងពិភពលោក គឺមេដឹកនាំប្រទេសអាស៊ាន ទាំងអស់ និងគណៈប្រតិភូមិនអាចធ្វើដំណើរចេញ ក្រៅប្រទេសបានឡើយ។ តាមការគ្រោងទុក សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នេះ គឺត្រូវធ្វើនៅ ប្រទេសវៀតណាម។”
សម្ដេចគូសបញ្ជាក់ថា “ដូច្នេះ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីបានយល់កាន់តែច្បាស់អំពីការព្រួយបារម្ភរបស់ពិភពលោក ក៏ដូចជាការព្រួយបារម្ភរបស់ប្រទេសយើង ដែលបានលើកថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំ ទៅពេលក្រោយ ហើយនឹងការដាក់បម្រាមហាម មិនអោយពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។”
ឆ្លៀតក្នុងឱកាសនៃបុណ្យចូលឆ្នាំនេះ សម្ដេច ក៏បានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបប្រទះតែសេចក្តី និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕