ភ្នំពេញ៖ ស្របពេលជំងឺកូវីដ១៩ ធ្វេីឲ្យសកលលោក ប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយក៏កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចពិភព លោកនោះ រាជរដ្ឋាភិបាលកម្ពុជា ជូនពររដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក យកជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ នឹងជម្ងឺរាតត្បាតជាសកលមួយនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅដ្ងៃទី១៤ មេសានេះ បានឲ្យដឹងថា អ្នកនាំពាក្យនៃក្រសួងការបរទេសខ្មែរ សូមថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២០។
រដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក និងជឿជាក់ យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។
ក្នុងប្រកាសបញ្ជាក់ថា “នៅក្នុងឱកាសនេះ យើងខ្ញុំសូមជូនពរដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក សូមទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺនេះ ខណៈពេលដែលប្រជាជាតិយើងទាំងពីរ និងប្រទេសដទៃទៀតនៅលើសកលលោក កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជនយើង និងសេដ្ឋកិច្ចពិភព លោក” ។
សូមរំលឹកថា គិតត្រឹមថ្ងៃ១៣ មេសា កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បេីយកេីនដល់ ៩១នាក់ ខណៈអ្នកដែលកំពុងសម្រាកព្យាលបាល នៅតាមមន្ទីរពេទ្យទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត មានត្រឹមតែ ៣១នាក់(ស្រ្តី១១នាក់ និងបុរស២០នាក់)។ សម្រាប់អ្នកដែលមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់ (ស្រ្តី៣៨នាក់និងបុរស៨៤នាក់)៕