ប្រយ័ត្ន រន្ទះនិងខ្យល់កន្ត្រាក់ ! ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើនក្នុងខែមេសានេះ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាព ធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលពីថ្ងៃទី១៥-២១ ខែមេសា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
– នៅថ្ងៃទី១៥-១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦°C
និងថ្ងៃទី ១៩-២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨°C។
ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅ ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។

២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។

ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាពិសេស នៅផ្នែកខ្លះនៃតំបន់វាលទំនាបកណ្តាល និងតំបន់ជួរភ្នំដងរែកចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ៕